នៅថ្ងៃពុធ០៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៨ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោក សេង សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ ដឹកនាំមន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីស្វែងយល់ និងតម្រង់ទិសអំពីចំនុចខ្លាំង ចំនុចខ្សោយ ដែលមន្ទីរបានអនុវត្តន៍កាងារ នាពេលកន្លងមក។ លោក សាយ សុផាត មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទបានឱ្យដឹងថា ខេត្តប៉ៃលិនមានសក្កដានុពលខ្ពស់លើវិស័យកសិកម្ម ក្នុងនោះមានដំណាំ កសិឧស្សាហកម្ម ដំណាំឈើហូបផ្លែ ដំណាំរួមផ្សំប្រចាំរដូវ និងធ្វើស្រែទាំង ប្រាំងនិងវស្សាផងដែរ ហើយកន្លងមកមន្ត្រីជំនាញបច្ចេកទេសរបស់ មន្ទីរកសិកម្មខេត្ត បានចុះបង្រៀនតាមគោលដៅ ភូមិឃុំផ្ទាល់ ចំនួន ២ទៅ៣ដងក្នុង១ខែ តាមរយៈមន្រ្តីជំនាញបច្ចេកទេស ដូចជាការចិញ្ចឹមសត្វ និងការដាំដុះដំណាំផ្សេងៗ។ លោកបានបន្តថា នៅឆ្នាំ២០១៨នេះ មន្ទីរកសិកម្មខេត្ត បានរៀបចំកន្លែងបង្ហាញ សម្រាប់កសិករមើលជាគំរូ ដូចជាការដាំដុះ និងចិញ្ចឹមសត្វ ក្នុងនោះ មន្ទីរបានខិតខំពង្រឹងសមត្ថភាពរបស់មន្ត្រី និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ដល់មហាជនទូទៅ ជាពិសេសសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែន ដើម្បីចូលរួមសហការគ្នាទប់ស្កាត់បទល្មើសក្លែងបន្លំគុណភាព ការនាំចូលសម្ភារៈកសិកម្មល្មើសច្បាប់ និងហានិភ័យ នៃផលប៉ះពាល់ពីការប្រើប្រាស់ជី និងថ្នាំគីមីកសិកម្ម។ លោក ផាន់ ចានធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍សំដែង ការកោតសរសើចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិនទាំងអស់ ដែលបានយកអស់កំលាំងកាយចិត្ត ក្នុងការបំពេញតួនាទីភារកិច្ច ចូលរួមលើកស្ទួយសេដ្ឋកិច្ច និងជីវភាពរបស់ ប្រជាពលរដ្ឋឱ្យមានការរីចចំរើន ដោយទទួលបានលទ្ធផលល្អគួរជាទី មោទនៈ។ លោកបាន ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ នៅគ្រប់ពេលវេលា ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយឈរលើស្មារតី សាមគ្គីភាព ហើយត្រូវខិតខំស្វែងយល់ និងអនុវត្តន៍អោយបានល្អនូវកម្មវិធី នយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជានិតិកាលទី៦នៃរដ្ឋសភា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខ។ ទន្ទឹមនឹងនេះត្រូវខិតខំបំរើសេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា ជាពិសេស ត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីក ធនធានមនុស្សអោយបានច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តប៉ៃលិន អោយមានរីកចំរើនលើគ្រប់វិស័យទៅថ្ងៃអនាគត។ លោក សេង សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានមានប្រសាសន៍ជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរកសិកម្ម ខេត្តប៉ៃលិន ត្រូវបន្តខិតខំបំពេញភារកិច្ច ដែលរាជរដ្ឋាភិបាល បានប្រគល់ ជូនអោយបានគាត់តែល្អថែមទៀត ដើម្បីជួយប្រជាពលរដ្ឋលើវិស័យកសិក កម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចជា ការបណ្តុះបណ្តាលបច្ចេកទេស កសិកម្មដល់កសិករ ការជួយតម្រង់ទិសការដាំដុះ និងចិញ្ចឹមសត្វទៅតាម តម្រូវការទីផ្សារ ជាពិសេសត្រូវខិតខំចូលរួមការពារធនធានធម្មជាតិ។ លោកបានជំរុញដល់ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរកសិកម្មខេត្តប៉ៃលិនទាំងអស់ ត្រូវខិតខំបំពេញការងារបំរើប្រជាពលរដ្ឋបានល្អប្រសើបន្ថែមទៀត ជាពិសេសពាក់ព័ន្ធនឹងវិស័យរបស់ខ្លួនទទួលខុសត្រូវ ដោយមានកិច្ច សហការល្អជាមួយប្រជាកសិករ និងអាជ្ញាធរមូលដ្ឋានអោយបានជិតស្និទ្ធ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការចាំបាច់របស់ពួកគាត់នៅមូលដ្ឋាន៕