ចុះពិនិត្យ និងតាមដាន ផ្ទៃដីដាំដុះដំណាំពោតក្រហម និងដំណាំដំឡូងមីដែលទទួលរងនូវផលប៉ះពាល់ និងខូចខាតក្នុងខេត្តប៉ៃលិន
ចេញ​ផ្សាយ ២៤ ឧសភា ២០១៩
553

ថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដប៉ៃលិន និងសហការី មានមន្រ្តីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម មន្រ្តីការិយាល័យកសិកម្មស្រុក ក្រុង ចុះពិនិត្យ និងតាមដាន ផ្ទៃដីដាំដុះដំណាំពោតក្រហម និងដំណាំដំឡូងមីដែលទទួលរងនូវផលប៉ះពាល់ និងខូចខាត ដោយសារគ្រោះធម្មជាតិរាំងស្ងួត និងកត្ដាចង្រៃមួយចំនួនដូចជា ពពួកដង្កូវស៊ីរូងដើមពោត ពពួកចៃ និងពពួកពីងពាងក្រហមលើដំណាំដំឡូងមី ដែលបានបំផ្លាញដល់ដំណាំប្រជាពលរដ្ឋនៅ ភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន និងភូមិពេជ្រគិរី ភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្ដប៉ៃលិន បានផ្ដល់ជាអនុសាសន៍ខ្លះៗស្ដីពីបច្ចេកទេស និងរដូវកាលដាំដុះដំណាំ ព្រមទាំងចែកជូន ថ្នាំកសិកម្ម(ថ្នាំកំចាត់ពពួកចៃ ដង្កូវ និងពីងពាងក្រហម)ចំនួន ៩០ដប ជូនដល់ប្រជាកសិករទាំងបីភូមិខាងលើ ដែលរងគ្រោះ។

ចំនួនអ្នកចូលទស្សនា
Flag Counter