ចំនួនផ្ទៃដីដាំដុះដំណាំកសិកម្មដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនៅក្នុងខេត្ដប៉ៃលិន
ចេញ​ផ្សាយ ០៧ មិថុនា ២០១៩
435

ថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារតាមដានសកម្មភាព និងផលប៉ះពាល់នៃគ្រោះរាំងស្ងួតនៅក្នុងខេត្ដប៉ៃលិនរួមមាន ៖ លោក ប្រាក់ ជាតិថូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ដោយបានសហការណ៍ជាមួយ លោក សាយ សុផាត ប្រធានមន្ទីរ និងមន្រ្តីជំនាញរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំសំខាន់ៗនៅក្នុងខេត្ដប៉ៃលិន ជាពិសេសដំណាំពោត ដោយសារគ្រោះរាំងស្ងួតនៅឃុំអូរអណ្ដូង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ជាលទ្ធផល ក្រុមការងារបានចុះពិនិត្យ និងទទួលបានលទ្ធផលដូចខាងក្រោម៖ ខេត្ដប៉ៃលិនមានផ្ទៃដីដាំដុះសរុបចំនួន ៦២៥៣៩.៣ ហិកតា ដែលក្នុងនោះមានដំណាំសំខាន់ៗដូចជា ៖ ដំឡូងមីមានផ្ទៃដីសរុប ៤២១១០ ហិកតា ពោតក្រហមមានផ្ទៃដីដាំដុះសរុប ៧០៦៧ ហិកតា មៀនប៉ៃលិន(តាង៉ែន) ៤៣៨៣ហិកតា ដំណាំស្វាយ មានផ្ទៃដីដាំដុះសរុប ៥៥៦៥ ហិកតា ក្រៅពីនោះនៅមានដំណាំស្រូវ ឈើហូបផ្លែ កៅស៊ូ និងដំណាំផ្សេងៗទៀត ក្នុងនោះភាគច្រើននៃដំណាំកសិករពឹងផ្អែកលើទឹកភ្លៀង។ គ្រោះរាំងស្ងួតបានចាប់ផ្ដើមពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើដំណាំពោតក្រហម។ ក្រៅពីគ្រោះរាំងស្ងួត ក្នុងនោះក៏មានវត្ដមានដង្កូវស៊ីរូងដើម ក៏បានរួមចំណែកក្នុងការបំផ្លាញដំណាំពោតក្រហម របស់ប្រជាពលរដ្ឋផងដែរ។ ប្រមាណ ៩០% នៃផ្ទៃដីដាំដុះសរុបរបស់ពោតក្រហម គឺខូចខាតទាំងស្រុង និងប្រមាណ ១០% នៃផ្ទៃដីសរុបដែលនៅសេសសល់ អាចមានលទ្ធភាពប្រមូលផលបាន។ ដំឡូងមី ជាប្រភពដំណាំដែលមានភាពធន់ទ្រាំទៅនិងគ្រោះរាំងស្ងួត ប៉ុន្ដែក្នុងនោះក៏មានការខូចខាតប្រមាណជាង ១០% នៃផ្ទៃដីសរុប ដែលបណ្ដាលមកពីគ្រោះរាំងស្ងួតផងដែរ។ មានដំណាំឈើហូបផ្លែ និងដំណាំផ្សេងៗទៀត ក៏រងផលប៉ះពាល់ពីគ្រោះរាំងស្ងួត ដែលបណ្ដាលឲ្យទិន្នផលមានការធ្លាក់ចុះ។

ចំនួនអ្នកចូលទស្សនា
Flag Counter