ខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា​ ឆ្នាំ២០១៩ លើកទី១៧
ចេញ​ផ្សាយ ២៧ កក្កដា ២០១៩
349

ខេត្តប៉ៃលិន៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តប៉ៃលិន អបអរសាទរទិវាមច្ឆាជាតិ ១ កក្កដាឆ្នាំ ២០១៩ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងបានលែងកូនត្រីចម្រុះចំនួន ជាង ១៥០០០ក្បាល ចូលទៅក្នុងអាងទឹកធម្មជាតិអូរដូនតា ស្ថិតក្នុងភូមិអូរដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ផងដែរ។ ក្នុងឱកាសនោះ ក៍មានការអញ្ជើញចូលរូមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទីរអង្គភាព មន្រ្តីរាជការ ព្រះសង្ឃ អង្កការជាតិ-អន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផងដែរ។ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានមានប្រសាសន៍ ឱ្យដឹងថា នេះគឺជាលើកទី១៧ហើយ ដែលទិវាមច្ឆាជាតិនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សារភ្ជាប់ នូវមនោសញ្ចេតនាជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជានេសាទ និងបំផុសចលនា ប្រជាពលរដ្ឋ គ្រប់ៗរូប ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាពូជន៍ត្រី ក៍ដូចជាវារីជាតិផ្សេងៗទៀត ឱ្យមាននៅក្នុងដែនទឹកធម្មជាតិផង ព្រមទាំងបង្កើនផលត្រីនៅតាមដំបន់ ដែលមិនជាប់ដែននេសាទ ជាពិសេសនៅតាមតំបន់វាល ទំនាប និងវាលស្រែ ក្នុងទូទាំងខេត្តប៉ៃលិន ដើម្បីធានា ឱ្យមានផលត្រីនៅតាមទីជនបទឆ្ងាយដាច់ស្រយ៉ាល។ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ក្នុងស្ថានភាព នៃ កំណើនតម្រូវការស្បៀងអាហារ ដោយរត់តាមកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជននាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យកសិកម្មជាវិស័យអទិភាពមួយ ក្នុងនោះអនុវិស័យជលផល នៅតែដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការចូលរួមចំណែក រក្សានិរន្តរភាពនៃកំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានា សុវត្ថិភាព សន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ហើយក៍ជាបណ្តាញមួយ នៃសុវត្ថិភាពសង្គម ដោយ សារ ត្រី និងវារីជាតិផ្សេងៗទៀត នៅតែជាអាហារយ៉ាងសំខាន់មិនអាចខ្វះបានរបស់ប្រជាជនខ្មែរយើង បន្ទាប់ ពីស្រូវ-អង្ករ។ ឯកឧត្តមអភិបាលខេត្ត ក៍បានជំរុញដល់ខណ្ឌរដ្ឋបាលជលផល ត្រូវរៀបចំដាក់ស្លាកកន្លែង អភិរក្សជលផល ឱ្យបានច្បាស់លាស់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងធ្វើសកម្មភាពគ្រប់គ្រងកន្លែងអភិរក្សជលផលឱ្យប្រកបដោយសុវត្ថិភាព ជាពិសេសរួមសហការគ្នា បង្ក្រាបបទល្មើសជលផល និងទប់ស្កាត់រាល់ការប្រើប្រាស់ ឧបករណ៍នេសាទ ដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ធនធានធម្មជាតិរបស់យើង ឱ្យមានប្រសិទ្ធភាពខ្ពស់។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានស្នើដល់ខណ្ឌរដ្ឋបាលជលផលខេត្ត ត្រូវខិតខំបំផុស និងគាំទ្រ ឱ្យប្រជាពលរដ្ឋ ធ្វើការចិញ្ចឹមត្រីជា លក្ខណៈ គ្រួសារ និងលើកទឹកចិត្តដល់វិស័យឯកជន ឱ្យវិនិយោគលើការងារចិញ្ចឹមត្រីដែលមានតម្លៃសេដ្ឋកិ ច្ច ខ្ពស់ ព្រមទាំងធ្វើការកែច្នៃរផលិតផលជលផល ដើម្បីនាំចេញ។ សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ ក៍មានការប្រលែងកូនត្រីពូជ ប្រមាណជាង ១៥០០០ក្បាល ទៅក្នុងអាងទឹកធម្មជាតិអូរដូនតា ស្ថិតក្នុងភូមិអូរដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានបណ្តោយ ៥០០ម៉ែត្រ ទទឹង ៦០ម៉ែត្រ ជម្រៅ ៣,៨ម៉ែត្រ ដែលមានលទ្ធភាពស្តុកទឹកបានចំនួន ៣០០ ០០០ម៉ែត្រគូប។

ចំនួនអ្នកចូលទស្សនា
Flag Counter