ខេត្តប៉ៃលិន៖ ថ្ងៃច័ន្ទ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនសហការណ៍ជាមួយរដ្ឋបាលខេត្តប៉ៃលិនបានរៀបចំប្រារព្ធពិធីបុណ្យ “រុក្ខទិវា” ៩ កក្កដាឆ្នាំ ២០១៩ដែរ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ឯកឧត្តម ហុក សុផល អភិបាល នៃគណៈអភិបាលរងខេត្តប៉ៃលិន ព្រមទាំងបានរៀបចំកូនឈើជាច្រើន ប្រភេទសរុប ចំនួន ១,៤៨០ដើម សំរាប់ដាំ ក្នុងពិធីបុណ្យ “ រុក្ខទិវា ” និងចែកជូនតាមអង្គភាព វត្តអារាម សាលារៀន និងប្រជាពលរដ្ឋដាំ តាមមូលដ្ឋាន ផងដែរ។ ក្នុងឱកាសនោះ ក៍មានការអញ្ជើញចូលរូមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទីរអង្គភាព មន្រ្តីរាជការ ព្រះសង្ឃ អង្កការជាតិ-អន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផងដែរ។ លោក ឱមវីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តប៉ៃលិន បានមានប្រសាសន៍ ឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៨ ខណ្ឌរដ្ខបាលព្រៃឈើប៉ៃលិន បានដាំកូនឈើចម្រុះ បានចំនួន ៥៤.៥៧០ដើម នឹងត្រៀមដាំក្នុងឆ្នាំ២០១៩បន្តិចទៀតនេះ ចំនួន ២.០០០ដើម។ ជារៀងរាល់ឆ្នាំ កូនឈើដែលបានដាំហើយតែងតែងាប់ទៅវិញប្រមាណពី ៥០% ទៅ ៦០% ដោយសារដូវ ប្រាំងមានរយៈពេលវែង និងមួយចំនួនទៀតត្រូវរងការបំផ្លាញពីសត្វចិញ្ចឹមដូចជា គោ ពពែ ជ្រូក និងការអភិវឌ្ឍ តាម រូបភាពផ្សេងៗជាដើម។ចំពោះវិធានការថែរក្សាកូនឈើក្រោយពេលដាំ គឺខណ្ឌរដ្ឋបាលព្រៃឈើ បានប្រគល់កូនឈើ ទាំងនោះផ្នែករដ្ឋបាលព្រៃឈើសាម៉ី និងអាជ្ញាធរមូលដ្ឋានជាអ្នកថែរក្សាដោយផ្ទាល់។ នៅពេលដែលមានកូនឈើ ងាប់ ខណ្ឌរដ្ឋបាលព្រៃឈើនឹងផ្ដល់ជូនកូនឈើសំរាប់ដាំជួសនៅរដូវភ្លៀងក្នុងឆ្នាំបន្ទាប់ ជាក់ស្ដែងក្នុងឆ្នាំនេះ ខណ្ឌរដ្ឋបាលព្រៃឈើបាន ត្រៀមកូនឈើចំនួន១.០០០ដើម សំរាប់ដាំជួសនៅកន្លែង ដែលបានដាំក្នុងឆ្នាំកន្លងមក។ ជាលទ្ធផលបន្ត ខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិនបាន៖ -បណ្តុះកូនឈើគ្រប់ប្រភេទ ចំនួន១.៨០០ដើម -ចែកចាយតាមអង្គភាព សាលារៀន វត្តអារាម ចំនួន ៣៦០ដើម យោងតាមផែនទីគម្របព្រៃឈើឆ្នាំ២០០២ បានបង្ហាញឲ្យឃើញថា គម្របព្រៃឈើនៅក្នុងខេត្តប៉ៃលិន សរុប ចំនួន៨៩.៥៤៥ហិកតា។បើពិនិត្យតាមស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្នគម្របព្រៃឈើមានការរេចរិលយ៉ាងខ្លាំង ធ្វើឲ្យបាត់បង់នូវប្រព័ន្ធជីវចំរុះ និងប្រព័ន្ធអេកូឡូស៊ី។ ការរេចរិលគម្របព្រៃឈើទាំងអស់នេះគឺដោយសារមានការបង្កើតតំបន់អភិវឌ្ឍន៍ ការពង្រីកផ្ទៃដីកសិកម្ម និង ហេដ្ឋារចនាសម្ព័ននានា។ ក្នុងទិសដៅបន្តវេនដ៏ប្រពៃនេះ និងស្របតាមការកំណត់ក្នុងច្បាប់ស្តីពីព្រៃឈើខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន រួមជាមួយមន្ត្រីរដ្ឋបាលព្រៃឈើក្រោមឳវាទ សហការណ៍ ជាមួយអាជ្ញាធរដែនដី បានលើកកំពស់ស្មារតីជំរុញ និងអនុវត្តការងារដាំឈើឡើងវិញ នៅលើដីទំនេរ ដីព្រៃរិចរិល និងចលនាប្រជាពលរដ្ឋឲ្យចូលរួមដាំដើមឈើនៅតាមមូលដ្ឋានផងដែរ។ ដើម្បីបន្តវេណដ៏ល្អប្រពៃនៃការរៀបចំពិធីបុណ្យ “រុក្ខទិវា” ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ច ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា និងអនុវត្តន៍តាមច្បាប់ស្តីពីព្រៃឈើ ជំពូកទី១២ មាត្រាទី៦០ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម បានយកចិត្តទុកដាក់រៀបចំពិធីបុណ្យ “រុក្ខទិវា” ជាបន្តបន្ទាប់។ ក្នុងឳកាសនេះដែរលោកនាយខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បាន សូមអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ កងកំលាំង ប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ឲ្យបានសំរេចជោគជ័យ និងមាន ប្រសិទ្ធិភាពខ្ពស់បំផុត ដោយរួមសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើគ្រប់ជាន់ថ្នាក់ នឹងសូមឲ្យជនទាំងឡាយណា ដែលមានការពាក់ព័ន្ធនូវទង្វើរំលោភច្បាប់ស្តីពីព្រៃឈើត្រូវឈប់ជាបន្ទាន់ ។ ទិវានេះពិតជាមានអត្ថន័យដ៏ឧដុង្គឧត្តម និងឧត្តមប្រយោជន៍ដ៏ជ្រាលជ្រៅចំពោះប្រទេសជាតិ បានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការកសាងគ្រឹះសេដ្ឋកិច្ចជាតិ ក្រោមកិច្ចរួបរួមជាធ្លុងមួយបង្ហាញពីសក្ខីកម្មនៃ សាមគ្គីភាព រវាងប្រជារាស្រ្តនិងមន្រ្តីរាជការទូទាំង ប្រទេសក្នុងការជំរុញលើកទឹកចិត្តចូលរួម ចលនាដាំដើមឈើ ដើម្បីផ្ដល់ជាសារប្រយោជន៍ធនធាន ទ្រទ្រង់វិស័យកសិកម្មបង្កើន សុខុមាលភាពគ្រួសារ និងជីវភាពសង្គម ព្រមទាំងកិច្ចគាំពារបរិស្ថាន ស្របតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថា« ព្រៃឈើគឺជាសរសៃឈាម ក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ ដូច្នេះយើងត្រូវតែរួបរួមគ្នា ថែរក្សាការពារព្រៃឈើ និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា »។ សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ ខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានរៀបចំកូនឈើជាច្រើន ប្រភេទសរុប ចំនួន ១,៤៨០ដើម ដូចជា លឿងរាជ ត្របែកព្រៃ ក្ងោក បេង គ្រញូង នាងនួន ច្រេស សំរាប់ដាំ ក្នុងពិធីបុណ្យ “ រុក្ខទិវា ” នៅក្នុង បរិបវេណវត្តគីរីចេតីយភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ និងចែកជូនតាមអង្គភាព វត្តអារាម សាលារៀន និងប្រជាពលរដ្ឋដាំ តាមមូលដ្ឋានផងដែរ។