អាជ្ញាធរខេត្តប៉ៃលិន កំពុងអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវចំនួន ៧៥០ហិចតា នៅឃុំស្ទឹងត្រង់
ចេញ​ផ្សាយ ២៧ សីហា ២០១៩
194

ថ្ងៃ សុក្រ ០៨រោច ខែ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៩ លោកសាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ ចុះអមដំណើរឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើល មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តប៉ៃលិន កំពុងធ្វើការបូមទឹកសង្គ្រោះស្រូវវស្សាចំនួន ៧៥០ ហិចតា ស្ថិតនៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញ ដល់មន្ត្រី ជំនាញ ពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវតែខិតខំជំរុញ យកចិត្តទុកដាក់ ចុះសិក្សាស្វែងយល់ ដល់មូលដ្ឋាន ដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវ រាល់ ប្រភព ទឹកដើម្បី ធ្វើយ៉ាងណា ជួយអន្តរាគមន៍ បូម ឬ បញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ ប្រជា ពល រដ្ឋ ដែលប្រឈម និងការខូចខាតដោយសារខ្វះទឹក គឺមិនត្រូវទុកឲ្យមានការខូចខាត ដោយមិនបានជួយពួក គាត់ឲ្យអស់លទ្ធភាពដែលមានឡើយ។ ឯកឧត្តមអភិបាលខេត្តក៍បានសំនូមពរដល់បងប្អូនប្រជាកសិករ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យការងារជួយអន្តរាគមន៍សង្រ្គោះស្រូវ ដោយធ្វើការបូម ឬបញ្ជូនទឹកបញ្ចូលស្រែ បានដោយរលូន ប្រកបដោយសមធម៌ និងតម្លាភាព។ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា៖ ផ្ទៃដីស្រូវ សន្ទូង និងស្រូវពង្រោះ របស់ប្រជាពលរដ្ឋ ដែលត្រូវបូមទឹក ជួយសង្គ្រោះនាពេលនេះ គឺមានចំនួន ៧៥០ ហិចតា ហើយស្រូវទាំងនេះ ក៏ពុំទាន់មានលក្ខណ:ខូចខាតធ្ងន់ធ្ងរនៅឡើយទេ តែបើភាពរាំងស្ងួតនៅអូស បន្លាយហើយការជួយសង្គ្រោះមិនបានទាន់ពេលវេលា អាចឈានដល់ការខូចខាតផងដែរ ។ ចំពោះការងារបូមទឹកជួយសង្គ្រោះនេះ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានធ្វើរបាយការណ៍ថា៖ រយៈពេល ២ថ្ងៃមកនេះ មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានប្រើប្រាស់ ម៉ាស៊ីន បូមទឹកខ្នាតធំចំនួន ២គ្រឿង ដោយចំណាយប្រេងម៉ាសូត ចំនួន ៤៥០លីត្រក្នុង១ថ្ងៃ ហើយយុទ្ធនាការសង្គ្រោះ ស្រូវ នេះ នឹងបន្តរហូតដល់មានភ្លៀងធ្លាក់ ឬបញ្ហាស្រូវខ្វះទឹកត្រូវបានដោះស្រាយ៕

ចំនួនអ្នកចូលទស្សនា
Flag Counter