អភិបាលខេត្តប៉ៃលិន ស្នើឱ្យប្រតិភូក្រុង Lenfin ខេត្ត Shanxi ប្រទេសចិន សិក្សាពីលទ្ធភាពវិនិយោគលើសក្តានុពលរបស់ខេត្តប៉ៃលិន
ចេញ​ផ្សាយ ២៧ សីហា ២០១៩
227

ថ្ងៃ ចន្ទ ១១រោច ខែ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩ លោកសាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានចូលរួមទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុង Lenfin ខេត្ត Shanxi នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងដំណើរបេសកកម្មផ្លូវការនៅខេត្តប៉ៃលិន ដែលដឹកនាំដោយ លោក Zhao Hua អគ្គលេខាធិការរងរដ្ឋបាលប្រជាជនក្រុង Lenfin លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានស្នើរដល់ សមភាគីសម្ព័ន្ធមេត្រីភាពចិន ធ្វើការសិក្សាពីលទ្ធភាព វិនិយោគលើសក្តានុពលរបស់ខេត្តប៉ៃលិន ជាពិសេសវិស័យកសិកម្ម និងវិស័យទេសចរណ៍។ លោក ផាន់ ចាន់ធុល បានលើកឡើងបន្តថា ក្នុងដំណើរបេសកកម្មផ្លូវការនៅខេត្តប៉ៃលិន របស់ប្រតិភូក្រុង Lenfin ខេត្ត Shanxi នៃសាធារណៈរដ្ឋប្រជាមានិតចិន នាពេលនេះ គឺជាការបោះជំហ៊ាន ទៅមុខបន្ទាប់ពីរដ្ឋបាលក្រុងប៉ៃលិន បានចងសម្ព័ន្ធភាពលើកិច្ចសហប្រតិបត្តិការ ជាមួយទីក្រុងដ៏ធំរបស់មិត្តចិន ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍទីក្រុងឲ្យកាន់តែវិវឌ្ឍន៍រីកចម្រើន ស្របតាមគោលនយោបាយនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលដាក់ចេញដោយប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតីចិន ស៊ី ជិនពីង។ លោក ផាន់ ចាន់ធុល បានបញ្ជាក់ទៀតថា ផ្តើមចេញពីទំនាក់ទំនងការទូតដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២ កាន់តែមានភាពស៊ីជម្រៅស្អិតល្មួតលើគ្រប់វិស័យ ចាប់តាំងពីកិច្ចសហប្រតិបត្តិការទ្វេភាគី រហូតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១០ ជាពិសេសបន្ទាប់ពីជំនួបថ្នាក់ដឹកនាំកំពូលរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិន ពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ ជាការឆ្លើយតប លោក Zhao Hua បានសន្យាថា នឹងខិតខំពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើង ដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនចិន មកធ្វើការវិនិយោគនៅក្នុងខេត្តប៉ៃលិនឱ្យបានច្រើន ហើយថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលប្រតិភូក្រុង Lenfin បានមកទស្សនកិច្ចនៅខេត្តប៉ៃលិន។ លោក Zhao Hua ក៏បានថ្លែងអំណរគុណដល់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តប៉ៃលិនផ្ទាល់ ដែលបានបង្ហាញជំហ៊យ៉ាងម៉ឺងម៉ាត់ ក្នុងការគាំទ្រគោលនយោបាយចិនតែ១ និងចូលរួមយ៉ាងសកម្មសម្រាប់ផែនការផ្លូវ១ ខ្សែរក្រវ៉ាត់១ របស់លោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន ហើយបានចាត់ទុកមិត្តភាពកម្ពុជា-ចិន គឺជាមិត្តដ៏ល្អ ជាដៃគូរួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក អស់រយៈពេលជាង៦០ឆ្នាំមកហើយ។ សូមបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុងប៉ៃលិន និងក្រុង Lenfin បានចុះកិច្ចព្រមព្រៀង ចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាមានដូចជា៖ *ទី១៖ ផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សិក្សាអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ សុខាភិបាល បណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជំរុញឱ្យមានការរីកចម្រើនរួមគ្នា *ទី២៖ សម្របសម្រួលឱ្យមានការផ្លាស់ប្តូរទស្សនកិច្ច របស់តំណាងរបស់ខ្លួនទៅវិញទៅមក *ទី៣៖ ភាគីទាំង២រក្សាទំនាក់ទំនងជាប្រចាំ ដើម្បីនិរន្តរភាពនៃការសងម្ព័ន្ធមេត្រី និងជំរុញឱ្យមានកិច្ចពិភាក្សាគ្នារវាងថ្នាក់ដឹកនាំរដ្ឋបាល និងមន្ទីរវិស័យពាក់ព័ន្ធ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរជាទ្វេរភាគី ក្នុងករណីដែលភាគីទាំង២ មានចំណាប់អារម្មណ៍ ដោយគោរពតាមច្បាប់នៃប្រទេសទាំង២ *ទី៤៖ ភាគីទាំង២ បានត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តន៍ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើមូលដ្ឋាន សមភាព និងផលប្រយោជន៍របស់ភាគីទាំង២៕

ចំនួនអ្នកចូលទស្សនា
Flag Counter