ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"
ចេញ​ផ្សាយ ១៦ មិថុនា ២០២០
414

ថ្ងៃអាទិត្យ៩រោចខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ខែមេសា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីអញ្ជើញមកខេត្តប៉ៃលិន គឺបន្ទាប់ពីទទួលបានលិខិតស្នើសុំពីសហគមន៍មៀនខេត្តបាត់ដំបង និងខេត្តប៉ៃលិនឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជួយអន្តរាគមន៍ស្វែងរកទីផ្សារកសិផលមួយចំនួនដែលកំពុងកកស្ទះ ជាពិសេសមៀនប៉ៃលិន។ ដូចកម្មវិធីដែលបានគ្រោងទុក ឯកឧត្តមរដ្ឋមន្ត្រី អមដំណើរដោយឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញមកជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសហគមន៍មៀនប៉ៃលិន ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាទីផ្សារដែលសហគមន៍បាននិងកំពុងជួបប្រទះ។ ពិធីនេះបានរៀបចំនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃ លិន ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងបងប្អូនសមាជិកសហគមន៍ប្រមាណ ១៥០នាក់។ មានមតិស្វាគមន៍ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្ត បានអានរបាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី និងភ្ញៀវបានជ្រាបដោយសង្ខេបអំពីស្ថានភាពភូមិសាស្រ្ត រដ្ឋបាល សន្តិសុខ សុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងការងារកសិកម្ម ជាពិសេសកសិផលជាច្រើនប្រភេទដែលខេត្តប៉ៃលិនមានលទ្ធភាពផលិតបានក្នុងនោះមាន ពោតក្រហម ដំឡូងមី សណ្តែកសៀង មៀនប៉ៃលិន មៀនក្រអូប ស្វាយ ក្រូចពោធិសាត់ សាវម៉ាវ ទុរេន ខ្នុរ ទៀប ត្របែក និងកៅស៊ូ លើផ្ទៃដីសរុប ៦៩ ២៤៦ហ.ត។ ទាក់ទងនឹងប្រធានបទខាងលើ ឯកឧត្តមអភិបាលនៃគណអភិបាល ខេត្ត បានរំលេចពីបញ្ហានៃការនាំចេញកសិផលរបស់ខេត្តទៅកាន់ទីផ្សារថៃមានដំឡូងមី ពោត ក្រហម និងមៀនប៉ៃលិន កំពុងកកស្ទះដោយសាររបាំងបច្ចេកទេសនៃប្រទេសនាំចូល។ ឯកឧត្តមអភិបាលបានលើកឡើងថាបច្ចុប្បន្នខេត្ត ក៏ដូចជាវិនិយោគិនខ្វះទុនសម្រាប់សាងសង់រោងចក្រកែច្នៃជាផលិតផលសម្រេច រោងសម្ងួត វេចខ្ចប់ និងឃ្លាំងស្តុក។ល។ ដែលកិច្ចការនេះទាមទារការវិនិយោគដើម្បីជួយជំរុញកសិផលរបស់ខេត្តមានទីផ្សារទាំងផលិតផលស្រស់ និងកែច្នៃ។ មានមតិសំណេះសំណាលជាមួយសមាជិក សមាជិកានៃអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមអភិបាលខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍទឹកដីខេត្តប៉ៃលិន ធ្វើឱ្យខេត្តនេះមានការវិវឌ្ឍន៍រីក ចម្រើនគួរជាទីមោទន។ ជាភស្តុតាង ដំណាំកសិ-ឧស្សាហកម្ម ផ្ទៃដី និងទិន្នផលមានការកើនឡើងជាបន្តបន្ទាប់ រហូតឈានទៅផលិតលើសពីសេចក្តីត្រូវការក្នុងស្រុក និងទាមទារធ្វើការនាំចេញ។ ពិតណាស់ ទីផ្សារនាំចេញនេះហើយ គឺជាប្រធានបទដែលត្រូវលើកយកមកពិភាក្សាគ្នា ធ្វើយ៉ាងណាដោះស្រាយបញ្ហាកកស្ទះកសិផលរបស់បងប្អូនដែលកំពុងប្រឈមនាពេលនេះ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនសមាជិកសហគមន៍មៀនប៉ៃលិនថាក្រសួងដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាទិការកំពុងពុះពារ ជំរុញ និងចរចារជាមួយភាគីចិនយ៉ាងយកចិត្តទុកដាក់ និងស៊ីជម្រៅទាំងការងារបច្ចេកទេស និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សំខាន់ៗដែលភាគីនាំចេញ (កម្ពុជា) ត្រូវបំពេញឱ្យខាងតែបាន។ ថ្មីៗនេះ ក្រសួងបានទទួលចម្លើយបឋមពីភាគីចិនថាករណីសំណើនាំចេញមៀនប៉ៃលិន ភាគីចិនបាននិងកំពុងពិនិត្យលើឯកសារសំណើនេះតាំងពីខែមិថុនា ឆ្នាំ២០១៩ ហើយសង្ឃឹមថាឯកសារសំណើនេះនឹងត្រូវបានអនុម័តក្រោយពេលពិធីសារនាំចេញស្វាយស្រស់កម្ពុជា ដែលបានផ្លាស់ប្តូររវាងភាគីទាំងពីរកាលពីសប្តាហ៍មុនអនុវត្តបានរលូនជាមុនសិន។ ដើម្បីបំពេញលក្ខខណ្ឌតម្រូវរបស់ភាគីចិន ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនបងប្អូនសមាជិកសហគមន៍មៀនប៉ៃលិនដោយសង្ខេបអំពីការងារបច្ចេកទេសរួមមានការងារដាំដុះ ថែរក្សា ការពារសត្វចង្រៃ ការប្រើជី និងថ្នាំពុលកសិកម្មសម្រាប់កម្ចាត់សត្វល្អិត បច្ចេកទេសក្រោយពេលប្រមូលផល ជាពិសេសការអនុវត្តកសិកម្មល្អ (Good Agricultural Practices, GAP) នៅនឹងចម្ការផ្ទាល់ និងការអនុវត្តកន្លែងកែច្នៃល្អ (Good Manufacturing Practices, GMP) តែម្តង។ ដើម្បីឱ្យសមាជិកសហគមន៍កាន់តែយល់ច្បាស់អំពីការងារបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្រ្តីជំនាញបច្ចេកទេស នៅបន្តពន្យល់ និងបកស្រាយការងារបច្ចេកទេសទាក់ទងនឹងលក្ខខណ្ឌតម្រូវដើម្បីនាំចេញកសិផលជាទូទៅ និងដោយឡែកផលិតផលមៀនប៉ៃលិននេះ។ តាមរបាយការណ៍របស់លោកប្រធានសហគមន៍មៀនខេត្តប៉ៃលិនបានឲ្យដឹងថា បច្ចុប្បន្នមៀនប៉ៃលិនមានផ្ទៃដីដាំដុះសរុបទូទាំងខេត្តប្រមាណជា ៣ ២៥០ ហ.ត បានផ្តល់ទិន្នផលបានជាង ៣២ ៥០០ ត/ឆ្នាំ ដែលផលិតកម្មមួយនេះបានបង្កើតការងារជូនប្រជាជននៅមូលដ្ឋានបានរាប់ពាន់ នាក់។ ក្រៅពីលក់មៀនស្រស់ សហគមន៍ក៏មានរៀបចំខ្សែរច្រវាក់ផលិតកម្មកែច្នៃជាលក្ខណតូច និងមធ្យមផងដែរ។ បច្ចុប្បន្ននេះ សហគមន៍បាននិងកំពុងជួបប្រទះបញ្ហាសំខាន់ៗដែលសហគមន៍បានស្នើសុំដល់ឯកឧត្តមរដ្ឋមន្ត្រី និងស្ថាប័នពាក់ព័ន្ធមេត្តាជួយអន្តរាគមន៍ដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងនោះមានជាអាទិ៍៖ ទី១. ការលំបាកក្នុងការនាំចេញផលិតផលមៀនប៉ៃលិនកម្ពុជាទៅកាន់ទីផ្សារបរទេស ទី២. នីតិវិធីក្នុងការចុះបញ្ជីចម្ការមៀនឱ្យស្របតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ ទី៣. នីតិវិធីស្នើសុំបញ្ជាក់គុណភាព ISO។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានបញ្ជាក់ថា នៅឆ្នាំ២០១៩ នៅទូទាំងប្រទេសផ្ទៃដីដាំមៀនប៉ៃលិនមានចំនួន ៨ ៩២៥ ហ.ត និងទិន្នផលទទួលបាន ៨ ៩ ២៥៧ ហ.ត ។ បន្ទាប់ពីជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មមៀនប៉ៃលិនរួច បានអញ្ជើញបន្តដំណើទៅពិនិត្យមើលក្រុមហ៊ុនសម្ងួតផ្លែមៀនប៉ៃលិន សម្រាប់នាំចេញ ស្ថិតនៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលកំពង់ដំណើការសាងសង់និងត្រៀមបំពាក់សម្ភារៈ រោងចក្រនេះបានកសាងនៅក្នុងឆ្មាំ២០១៨ ដើម្បីធ្វើការស្ទុកទុក្ខសម្ងួតនិងវេចខ្ចប់ផ្លៃមៀនមុននឹងនាំចេញទៅលក់បន្ត រោងចក្រត្រូវកាទិញផ្លែមៀន ចាប់ពី ៥៥ ០០០តោន/ឆ្មាំ

ចំនួនអ្នកចូលទស្សនា
Flag Counter