ថ្ងៃអង្គារ២រោចខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំដើម្បីផ្តល់ធាតុចូលជាសម្ភារៈ ពូជមាន់ និងទូរភ្ញាស់កូនមាន់ដល់កសិករគំរូបង្ហាញ ឬសាលារៀនកសិករបង្ហាញអំពីការចិញ្ចឹមមាន់ ដល់កសិករគំរូបង្ហាញចំនួន១៨នាក់ និងកសិករសក្តានុពលបង្ហាញអំពីការរៀបចំទ្រុងមាន់ចំនួន៦៧នាក់ សរុបរួមមានចំនួន៩២នាក់ នៃបណ្តុំអាជីវកម្មចិញ្ចឹមមាន់DPES និងF2F នៃអនុកម្មវិធីទី២៖ ផលិតកម្មសត្វ និងសុខភាពសត្វ ក្នុងនោះមានដូចទូភ្ញាស់ពងមាន់ ទំហំ៥២៨គ្រាប់ ចំនួន១៧គ្រឿង និងពូជមាន់ស្រែ៩០០ក្បាលដល់កសិករបង្ហាញនៃបណ្ដុះបណ្ដុំអាជីវកម្មកសិកម្ម លើសពីនេះ សមាជិកបណ្តុំដទៃទៀតនឹងត្រូវទទួលបានកូនមាន់ដែលមានអាយុ២១ថ្ងៃចំនួន១២ក្បាលក្នុងកសិករ១គ្រួសារ អំពីកសិករគំរូ និងកសិករសក្តានុពលសរុបចំនួន៤៤៨កសិករ។ កម្មពិធីបានរៀបចំនៅភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណអភិបាលខេត្តប៉ៃលិន ដោយមានមន្រ្តីរាជការ ស្ថាប័ន ជុំវិញខេត្ត កសិករចូលរួមប្រហែល ២០០ នាក់ ។ តាមរបាយការលោក សាត សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានឲ្យដឹងថា បច្ចុប្បន្ននេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត បានកំពុងដំណើរអនុវត្តកម្មវិធីផ្សព្វផ្សាយ បច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅថាកម្មវិធី ASPIREចាប់តាំងពីចុងខែសីហា ឆ្នាំ២០១៩មក នៅតាមភូមិ ឃុំគោលដៅរបស់ខ្លូនទូទាំងខេត្តប៉ៃលិន ចំនួន៤១បណ្តុំអាជីវកម្ម ដែលមានអ្នកទទួលផលសរុបចំនួន ១,២២៨គ្រួសារកសិករ ស្រី៤៤៨នាក់ ទូទាំង៨ឃុំ សង្កាត់។ កម្មវិធីASPIRE គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) ទូទាំងប្រទេសកម្ពុជានៅក្នុងដំណាក់កាលពេលវេលាផ្សេងគ្នា លើកតែរាជធានីភ្នំពេញ ។ ដោយឡែកនៅខេត្តប៉ៃលិនយើងនេះ ក្រោមក្របខណ្ឌផែនការអនុវត្តកម្មវិធី ត្រូវបានរាជរដ្ឋភិបាលកំណត់ជ្រើសអុវត្តកម្មវិធីASPIREនេះក្នុងដំណាក់កាលទី៣ ដែលមានរយៈពេល២ឆ្នាំ និង៨ខែ គឹតចាប់ផ្តើមពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ហើយនិងត្រូវបញ្ចប់នៅខែមីនា ឆ្នាំ២០២២។ ASPIRE គឺជាកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ គោលបំណងនៃកម្មវិធីនេះ គឺថា នៅបំណាច់ឆ្នាំ២០២១ សេវាកម្មផ្សព្វផ្សាយបច្ចេកទេសកសិកម្មដែលមានប្រសិទ្ធភាពត្រូវបានបង្ហាញ ដល់ក្រុមកសិករខ្នាតតូចដែលមានដីតិច ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចគ្រួសារតាម រយៈអាជីវកម្មកសិកម្មដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។ វត្តមាននៃកម្មវិធី ASPIRE នេះគឺ កើតចេញពីយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់៧% ដើម្បីឆ្លើយតបការអន្តរាគមន៍ទៅនឹងស្ថានភាបច្ចុប្បន្ន និងតម្រូវការទីផ្សារផលិតផលកសិកម្ម។ កម្មវិធី ASPIRE បានធ្វើការផ្ដោតទៅលើតួអង្គ បីសំខាន់ គឺ ១. អ្នកផលិត(កសិករ) ២ អ្នកប្រមូលទិញ និង៣ អ្នកលក់ធាតុចូលកសិកម្ម (ថ្នាំ ពូជ ជី និងសម្ភារៈកសិកម្ម)។ ក្នុងបរិបទនៃការធ្វើកសិកម្មបែបប្រពៃណី និងការចិញ្ចឹមជីវិត ឲ្យមានភាពប្រសើរឡើង ដើម្បីជម្រុញការអនុវត្តកសិកម្មមួយឆ្ពោះទៅរកការអនុវត្តកសិកម្មទំនើប និងមានចំណេះដឹងជាមូលដ្ឋានស្តីពីទីផ្សារកសិកម្ម និងកសិករទំនាក់ទំនងយ៉ាងរឹងមាំ នោះគឺតួអង្គខ្សែច្រវ៉ាក់ផលិតកម្ម និងតម្លៃ។ ផ្អែកលើស្ថានភាពនេះនិងបញ្ហាប្រឈមទាំងឡាយរបស់កសិករ កម្មវិធី ASPIRE និងមន្ទីរកសិកម្មខេត្ត បានដាក់ចេញគោលបំណង គឺជំរុញបង្កើនផលិតភាពកសិកម្ម គុណភាពផលិតផល សុវត្ថិភាពផលិតផលកសិកម្ម និងលើកកម្ពស់ប្រាក់ចំណូលដល់កសិករគោលដៅ តាមរយៈការចងក្រុមបណ្តុំអជីវកម្ម កសិកម្ម ។ បន្ទាប់មកសម្របសម្រូលតាមក្រុមបណ្តុំអជីវកម្មកសិកម្ម និងកសិករផលិត សក្តានុពល ឲ្យមានផលិតកម្មអាជីវកម្មកសិកម្ម ពីបែបផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ ឲ្យទៅជាកសិកម្មបែបអជីវកម្ម ព្រមទាំងការផ្សារភ្ជាប់ផលិតផលកសិកម្មទាំងនេះឆ្ពោះទៅ ទីផ្សារ ដើម្បីកំណើនប្រាក់ចំណូលប្រចាំគ្រួសារ។