ខេត្តប៉ៃលិន៖ នៅថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំកម្មវិធីវេទិកាពហុភាគី បណ្តុំស្វាយកែវរមៀត នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រោមអធិបតីភាព កញ្ញា អ៊ុក លង្កា អនុប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន ។ វត្តមានចូលរួមមានទីប្រឹក្សាទីផ្សារកម្មវិធីAspire លោកក្រុមប្រឹក្សាសង្កាត់ប៉ៃលិន តំណាងក្រុមហ៊ុនអង្គរហ្គ្រីននិងដេប៉ូ អ្នកប្រមូលទិញស្វាយក្នុងស្រុក ភ្នាក់ងារផ្សព្វផ្សាយសង្កាត់ លោកមេភូមិនិងសមាជិកបណ្តុំស្វាយកែវរមៀតសរុបចំនួន ៤៣នាក់ ស្រ្តី ១៣ នាក់។ លទ្ធផល៖ - សមាជិកបណ្តុំស្វាយកែវរមៀតមានចំនួន ៤៦នាក់ ស្រ្តី០២នាក់។ ផ្ទៃដីដាំស្វាយសរុបចំនួន ១៧៥ហិកតា ចំនួនដើមស្វាយសរុប ៣២ ២៧០ដើម។ ទិន្នផលជាមធ្យម១២០០តោន/១ឆ្នាំ ក្នុងនោះទិន្នផលស្វាយខុសរដូវចំនួន៣៦០តោន និងស្វាយរដូវចំនួន៨៤០តោន។ - តំណាងក្រុមហ៊ុនអង្គរហ្គ្រីននិងដេប៉ូ សហការជាមួយមន្ទីរកសិកម្មខេត្ត ចូលរួមគាំទ្រផ្នែកបច្ចេកទេសស្វាយខុសរដូវដល់បណ្តុំស្វាយ។ ដេប៉ូគឹមសេង បានគាំទ្រធាតុចូលកសិកម្មក្នុងតម្លៃពិសេសជូនដល់សមាជិកបណ្តុំនិងមានសេវាកម្មចុះពិនិត្យដល់ចំការផងដែរ។ - អ្នកប្រមូលទិញស្វាយក្នុងស្រុក បានបង្ហាញពីតម្រូវការស្វាយខុសរដូវគុណភាពល្អ ឆ្នាំមុនក្នុងតម្លៃ១៤០០រៀល/១គ.ក និងស្វាយរដូវតម្លៃ៦០០រៀល/១គ.ក។ តម្រូវការស្វាយប្រមូលទិញមានបរិមាណ ៧-១២តោន/១ថ្ងៃ។ - ដើម្បីអោយផលិតផលស្វាយផលិតតាមស្តង់ដារ តំណាងមន្ទីរកសិកម្មនឹងសហការជាមួយអគ្គនាយកដ្ឋានកសិកម្មនិងកម្មវិធីAspire រៀបចំវគ្គបណ្តុះបណ្តាលកសិកម្មល្អ(CamGAP) ដល់សមាជិកបណ្តុំក្នុងពេលខាងមុខ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។