កសិករខេត្តប៉ៃលិន ២៥៧គ្រួសារ ដែលផលដំណាំខូចខាតដោយសារគ្រោះធម្មជាតិ ទទួលអំណោយពូជដំណាំ ជី និងថ្នាំកសិកម្មពីរាជរដ្ឋាភិបាលកម្ពុជា
ចេញ​ផ្សាយ ២៦ កក្កដា ២០២០
433

(ប៉ៃលិន)៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរ ដោយ លោកស្រី ជា លាភ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត បានអញ្ជើញ ចែកពូជពោត ស្រូវ ជី និងថ្នាំកសិកម្ម ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន ដល់ប្រជាកសិករចំនួន ២៦០គ្រួសារ ដែលទទួលរងគ្រោះធម្មជាតិ លើផលិតកម្មកសិកម្ម នាដើមឆ្នាំ២០២០នេះ។ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានធ្វើរបាយការណ៍ឱ្យដឹងថា ផ្ទៃដីខូចខាត ដំណាំដោយគ្រោះរាំងស្ងួត និងសត្វល្អិតបំផ្លាញក្នុងឆមាសទី១ ឆ្នាំ២០២០រួមមាន៖ * ស្រូវរដូវប្រាំងខូចខាត ដោយ គ្រោះរាំងស្ងួតចំនួន ២៥៤ ហ.ត ស្មើនឹង ៦៧.៧៤% នៃផ្ទៃដីដាំដុះសរុប * ដំណាំពោតក្រហមខូច ខាត ដោយគ្រោះរាំងស្ងួតចំនួន ២៨៨ ហ.ត និងខូចខាត ដោយដង្កូវហ្វូងចំនួន ៤ ០០២ហ.ត ស្មើនឹង ៧៨.១៤% នៃផ្ទៃដីដាំដុះ * ដំណាំដំឡូងមីខូចខាតដោយគ្រោះរាំងស្ងួតចំនួន ៣៩៧ ហ.ត ស្មើនឹង១% នៃផ្ទៃដីដំាដុះសរុប និងដំណាំដូងប្រេងខូចខាតដោយគ្រោះរាំងស្ងួតចំនួន ៤០ហ.ត ស្មើនឹង១០០% នៃផ្ទៃដីដាំដុះសរុប។ លោក ផាន់ ចាន់ធុល បានមានប្រសាសន៍ថា៖ បច្ចុប្បន្ននេះ អាកាសធាតុទូទាំងពិភពលោក មានការប្រែប្រួល និងបានបង្កឱ្យប៉ះពាល់ដល់ការងារកសិកម្ម ហើយជាក់ស្តែង នៅខេត្តប៉ៃលិនប៉ុន្មានឆ្នាំចុងក្រោយនេះ អាកាសធាតុមានការប្រែប្រួលខ្លាំង ដូចជាអាកាសធាតុក្តៅខ្លាំង ភ្លៀងធ្លាក់មានចំនួនតិច ដែលបញ្ហានេះ បានធ្វើឱ្យផលដំណាំរបស់ប្រជាពលរដ្ឋទទួលរងការ ខូចខាត ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវតែចេះសម្របខ្លួនទៅនឹងធម្មជាតិ និងត្រូវដាំដំណាំណាដែលត្រូវការ ទឹកតិច ឬប្រើប្រាស់ ពូជដំណាំណាដែលធននឹងភាពរាំងស្ងួត និងធន់នឹងភាពជាំទឹក អាស្រ័យទៅនឹងស្ថានភាព ដីរបស់ខ្លួន ។ លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹកនាំរបស់ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុក វិស័យកសិកម្ម ជាផ្នែកមួយយ៉ាងសំខាន់ដើម្បីស្តារឃឿនសេដ្ឋកិច្ចជាតិឱ្យបានរីកចំរើន ព្រោះថាប្រទេសយើងជាប្រទេសដែល មានសក្តានុ ពលលើផ្នែកកសិកម្ម ដោយប្រជាពលរដ្ឋជាង៨០ភាគរយ ជាកសិករប្រកបរបរកសិកម្ម ដូចនេះការ ឧបត្ថម្ភពូជន៍ពោត និងពូជន៍ស្រូវដល់កសិកររងគ្រោះនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់កសិករ ក្នុងការបង្កបង្កើនផលរដូវកាលថ្មីឱ្យបានទាន់ពេលវេលា។ នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានណែនាំដល់ប្រជាកសិករ យើងទាំងអស់ត្រូវ ចងក្រងគ្នាជាសហគមន៍កសិកម្ម ដែលយើងអាចដាំដុះដំណាំ ទៅតាមតម្រូវការទីផ្សារ និងតាមកិច្ចសន្យា ព្រម ទាំងមានលទ្ធភាពចចារតំលៃជាមួយក្រុមហ៊ុន ធានាបាននូវតម្លៃមួយសមរម្យ ដែល ប្រជាពលរដ្ឋយើងអាចទទួលយកបាន ហើយយើងក៍មាននិរន្តរភាពលើទីផ្សារ លក់កសិផលរបស់យើងផងដែរ។ សូមបញ្ជាក់ថា៖ ពូជដំណាំ និងថ្នាំ ជីកសិកម្ម ដែលចែកជូនកសិកររងគ្រោះធម្មជាតិ លើផលិតកម្ម កសិកម្ម សរុបចំនួន ៦ឃុំ/សង្កាត់ ស្មើនឹង២៥៧គ្រួសារ និងសហគមន៍កសិកម្មមួយចំនួននាពេលនេះរួមមាន៖ ពូជពោតស៊ីភី៦៣៩ ចំនួន ២៥០ ការ៉ុង ស្មើនឹង ២.៥០ តោន, ពូជស្រូវសែនក្រអូប ចំនួន ៦២ ការ៉ុង ស្មើនឹង ២.៥ តោន, ពូជបន្លែ ចំនួន ២៤០ កញ្ចប់ ស្មើនឹង ៨០គីឡូក្រាម, ជីកំប៉ុស្ដ និងជីគីមី ចំនួន ៨០ ការ៉ុង ស្មើនឹង ៤ តោន, ថ្នាំសំលាប់សត្វល្អិត ចំនួន ៨៩០ ដប ស្មើនឹង ១០កេស និងសម្ភារៈចិញ្ចឹមសត្វ ចំនួន១៨ កញ្ចប់៕ ប្រភពFresh news

ចំនួនអ្នកចូលទស្សនា
Flag Counter