ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម និងលោកជំទាវអភិបាលរងខេត្ត អញ្ជើញមកពិនិត្យសួនបន្លែគ្រួសាររបស់បងស្រី ញឹប កែវ ដែលទទួលបានជំនួនជាផ្ទះសំណាញ់ (១០m x ៣៦m) ពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ
ចេញ​ផ្សាយ ៣១ សីហា ២០២០
292

ថ្ងៃសៅរ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ កម្មវិធីទី៤៖ ឈានចូលកម្មវិធីទី៤ ជាកម្មវិធីចុងក្រោយសម្រាប់ព្រឹកនេះ នៅភូមិអូរពឺត សង្កាត់ប៉ៃលិន ក្រុង ប៉ៃលិន ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម និងលោកជំទាវអភិបាលរងខេត្ត អញ្ជើញមកពិនិត្យសួនបន្លែគ្រួសាររបស់បងស្រី ញឹប កែវ ដែលទទួលបានជំនួនជាផ្ទះសំណាញ់ (១០m x ៣៦m) ពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ។ បងស្រីម្ចាស់សួនបានរៀប រាប់ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបអំពីការងារដាំដុះបន្លែ (ស្ពៃ ខាត់ណា និងសាលាដ) ការប្រមូលផល ទីផ្សារ ចំណូល និងបញ្ហាផ្សេងៗ។ បងស្រីបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីកម្មវិធី ដែលតែងតែផ្តល់កំលាំងចិត្ត គាំទ្រ និងជួយជាបច្ចេក ទេសរៀងរហូត ធ្វើឲ្យអាជីវកម្មរបស់បងស្រីរីកចម្រើនធំធាត់រហូតមកទល់បច្ចុប្បន្ន បានសង់ផ្ទះសំណាញ់ដោយប្រើថវិកាផ្ទាល់ខ្លួនប្រមាណជាង ៥ ០០០ដុល្លារ។ បន្ទាប់ពីបានអញ្ជើញចុះពិនិត្យសួនបន្លែរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានសាទរចំពោះជោគជ័យដែលបងស្រីទទួលបាននាពេលនេះ ដោយចាប់ផ្តើមពីការដាំដុះនៅលើទីវាល ប្រឈមបញ្ហាជាច្រើន បច្ចុប្បន្នមានផ្ទះសំណាញ់ ប្រើគ្រឿងចក្រជំនួសពលកម្មមនុស្ស និងមានសមត្ថភាពសង់ផ្ទះសំណាញ់ខ្លួនឯងមួយបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា កត្តាទាំងអស់នេះហើយគឺធ្វើឲ្យផលិតកម្មបន្លែមាននិរន្តរភាព ធានាសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រាក់ចំណូលគ្រួសាររបស់បងស្រី ដែលផលិតកម្មបន្លែសុវត្ថិភាពកំពុងមានការកើនឡើងជាលំដាប់ ស្របពេលដែលតម្រូវការទីផ្សារមានការកើនឡើង។ លោកសុំឲ្យបងស្រីខិតខំសិក្សា រៀនសូត្របច្ចេកទេស សិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍បន្ថែមទៀតដើម្បីឲ្យអាជីវកម្មដំណាំបន្លែរបស់បងស្រីមានចីរភាព និងនិរន្តរភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter