ថ្ងៃសៅរ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ កម្មវិធីទី៥៖ ជាកម្មវិធីចុងក្រោយសម្រាប់ថ្ងៃទី១ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ និងសហការីមកកាន់ខេត្តប៉ៃលិន និងខេត្តសៀមរាប។ នៅវេលាម៉ោង ១៤:៣០ រសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលរងខេត្ត និងសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមឃ្មុំ នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន។ បណ្ឌិត គួយ ធាវី (អតីតសាស្រ្តាចារ្យនៅរាជបណ្ឌិតសភា លេខទំនាក់ទំនង ០១៧ ៨៨៣០៤១) បានរៀបរាប់អំពីលក្ខណ:ជីវសាស្រ្តរបស់ឃ្មុំ និងផលិតកម្មទឹកឃ្មុំ។ ខេត្តប៉ៃលិន ជាខេត្តមានសក្តានុពលខ្ពស់ក្នុងការផលិតទឹកឃ្មុំដោយសារ ខេត្តនេះមានចំការតាង៉ែន និងដំឡូងមីច្រើន ដែលជាប្រភពផ្តល់លំអងផ្កាសម្រាប់ឃ្មុំក្រេបយកជាតិស្ករ។ ក្នុងចំការតាង៉ែន ១ហត អាចដាក់ធុងឃ្មុំបាន ១ ហើយក្នុងធុង ១ អាចដាក់បង្គងផ្លិតបាន ១០ ក្នុងខែតាង៉ែនចេញផ្លា ផ្លិតឃ្មុំ ១អាចផ្តល់ទឹកឃ្មុំ ១លីត្រ ហើយបច្ចុប្បន្នទឹកឃ្មុំ ១លីត្រតម្លៃ ១០ដុល្លារ។ អនាគតលោកបណ្ឌិតចង់ឲ្យខេត្តប៉ៃលិនជាខេត្តផលិតទឹកឃ្មុំធំជាងគេនៅកម្ពុជា ដោយសារសក្តានុពលនៃដំណាំតាង៉ែន និងដំឡូងមី ជាពិសេសទុនវិនិយោគទាប និងទទួលចំណូលខុស។ លោកបណ្ឌិតបានអំពាវនាវឲ្យម្ចាស់ចំការគួរចិញ្ចឹមឃ្មុំដើម្បីទាញយកប្រយោជន៍ ពីទឹកឃ្មុំ និងបង្កើនផលិតកម្មតាង៉ែនផងដែរដោយសារឃ្មុំជាភ្នាក់ងារបង្កាត់ពូជ។ លោកក៏បានលើកឡើងពីបញ្ហាផងដែរថា ដោយសារការផ្គត់ផ្គង់ទឹកឲ្យដំណាំតាង៉ែន និងឈើហូបផ្លែផ្សេងៗពុំមាននិរន្តរភាព ធ្វើឲ្យរុក្ខជាតិចេញផ្កាទៅតាមរដូវ នេះជាបញ្ហាដល់ការផលិតទឹកឃ្មុំនៅរដូវប្រាំងហួតហែង។ បន្ទាប់ពីបានជ្រាបខ្លះៗអំពីលក្ខណជីវសាស្រ្តរបស់សត្វឃ្មុំ និងផលិតកម្មទឹកឃ្មុំ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់នូវចំណេះដឹង និងលទ្ធផលស្រាវជ្រាវកន្លងមករបស់ក្រុម ការងារដែលឈានទៅសម្រេចទទួលបានជោគជ័យនាថ្ងៃនេះ។ ដោយយល់ពីសារប្រយោជន៍របស់ទឹកឃ្មុំ និងតួនាទីរបស់មេឃ្មុំក្នុងការជួយក្នុងវិស័យបង្កាត់ពូជដំណាំ ឯកឧត្តមរដ្ឋមន្ត្រីបានជូនមតិថាគួរខិតខំពង្រីកផលិតកម្មនេះឲ្យបានកាន់តែច្រើនផែមទៀត និងគួរសិក្សាអំពីផលិតផលប្រចាំតំបន់ (GI) សម្រាប់ខេត្តប៉ៃលិនដើម្បីឲ្យអតិថិជនទទួលស្គាល់ផលិតផលនេះកាន់តែច្រើន រួមទាំងការវេចខ្ចប់ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រនូវគំនិតចង់ចងក្រងសហគមន៍ផលិតទឹកឃ្មុំប៉ៃលិន ដើម្បីបង្កើនបរិមាណផលិត ផ្សព្វផ្សាយ និងមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន។