ថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន មានរៀបចំពិធីសំណេះសំណាល និងចែកគ្រាប់ពូជស្រូវ ជូនប្រជាកសិករដែលរងការខូចខាតដំណាំដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តប៉ៃលិន មានចំនួន៦២ គ្រួសារ ពិធិប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តបៃលិន និងលោក ខាន់ សំបាន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូមអមដំណើរ មានឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្ដម លោក-លោកស្រី ប្រធានអង្គភាព មន្ទីរ ជុំវិញខេត្ត អភិបាលស្រុក អញ្ជើញចូលរួមផងដែរ។ ទីតាំងប្រារព្ធពិធី ស្ថិតនៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន គ្រាប់ពូជស្រូវ ចំនួន ៦ ២០០ គីឡូក្រាម (៦.២តោន) ត្រូវបានចែកជូនកសិករមកពីឃុំចំនួន២គឺ ឃុំសាលាក្រៅ មានចំនួន២៦គ្រួសារ និងឃុំស្ទឹងត្រង់មានចំនួន៣៦គ្រួសារ ដោយក្នុងនោះ ១គ្រួសារ ទទួលបាន ស្រូវពូជ ចំនួន១០០គីឡូក្រាម(៤ការ៉ុង) ដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមអភិបាលខេត្ត បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានដូចជា មីចំនួន១កេស ត្រីខ ចំនួន១យួរ កញ្ចប់Kit ចំនួន១ឈុត និងអង្ករចំនួន១ការ៉ុង ផងដែរ។