ខេត្តប៉ៃលិន៖ ថ្ងៃអង្គារ ១រោជ ខែមិគសិរ ឆ្នាំជូត ទោស័កពស២៥៦៤ត្រូវថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នៅភូមិថ្មី សង្កាត់ទួលល្វា ក្រុងនិងខេត្តប៉ៃលិន កសិករបង្ហាញបណ្តុំអាជីវកម្មចិញ្ចឹមមាន់ (DPES) នៃកម្មវិធី ASPIRE និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំពិធីចែកកូនមាន់(ការផ្ទេរបន្ត)ដែលកសិករនេះផលិតបានជូនដល់សមាជិកបណ្តុំអាជីវកម្មរបស់ខ្លូន។ ក្រុមការងារអនុកម្មវិធី២ថ្នាក់ខេត្ត ទីប្រឹក្សាបច្ចេកទេស បានចូលរួមជាភ្ញៀវកត្តិយស និងសំដែងការអបអរសាទរ ចំពោះការផ្ទេរបន្តកូនមាន់មានអាយុ២១ថ្ងៃ ពីកសិករបង្ហាញទៅសមាជិកនៃបណ្តុំ បន្ទាប់ពីកសិករបង្ហាញបានអនុវត្តការចិញ្ចឹម រយៈពេល០៥ខែកន្លង ក្រោមការគាំទ្របច្ចេកទេស និងធាតុចូលពីកម្មវិធីASPIRE ។ កសិករបង្ហាញលោក ឌឿន វាន់ដេត បានបង្ហាញបញ្ជាក់ពីអ្វីដែលគាត់ បានអនុវត្តការចិញ្ចឹមតាមគោលការណ៍បច្ចេកទេសថ្មី ដែលគាត់បានរៀន និង រំលេចពីភាពជោគជ័យ ដូចខាងក្រោមនេះ៖ ១). ថ្ងៃនេះ លោកឌឿន វាន់ដេត មានលទ្ធភាពចែក(ផ្ទេរបន្ត) កូនមាន់ (អាយុ២១ថ្ងៃ)ដល់សមាជិកបណ្តុំអាជីវកម្ម របស់ខ្លូនលើកទី១ សម្រេចបានចំនូន១៣គ្រូសារ នៃសមាជិកសរុប១៩នាក់ (១គ្រូសារទទួលបានកូនមាន់១២កូន) បន្ទាប់ពីនេះកសិករបង្ហាញនេះគ្រោងនឹងបន្តចែកសមាជិកដែលនៅសេសសល់ នៅខែបន្ទាប់ ឆ្នាំ២០២១។ ២).លើសពីនេះ គាត់បានពង្រីកការចិញ្ចឹមមាន់សាច់បន្ថែម បានចំនួន៣០ មាន់(អាយុ៤០ថ្ងៃ)។ ៣).បានផលិតកូនចំនូន៣៦០កូនមាន់ ក្នុងនោះចែកបន្តទៅសមាជិក ១៥៦កូន(១គ្រូសារទទួលបានកូនមាន់១២កូន) និងបានលក់២០០កូន (កូន១តម្លៃ៥,០០០រ) ដល់សមាជិកក្នុងបណ្តុំនៅក្នុងភូមិ និងក្រៅភូមិផងដែរ។