ការដាំបន្លែក្នុងផ្ទះសំណាញ់ របស់កសិករ ហង់ សុវណ្ណ អាយុ ៣២ឆ្នាំនៅក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន
ចេញ​ផ្សាយ ១០ ធ្នូ ២០២០
410

ថ្ងៃព្រហស្បតិ៍ ៣រោជ ខែមិគសិរ ឆ្នាំជូត ទោស័កពស២៥៦៤ត្រូវថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ទីប្រឹក្សាត្រួតពិនិត្យវាយតំលៃនិងទីប្រឹក្សាសំរបសំរួលកម្មវិធីខេត្ត បានចុះត្រួតពិនិត្យមើលការដាំបន្លែក្នុងផ្ទះសំណាញ់ របស់កសិករ ហង់ សុវណ្ណ អាយុ ៣២ឆ្នាំនៅក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ កសិករ ហង់ សុវណ្ណ បានដាំបន្លែលើផ្ទៃដីដែលមានទំហំប្រហែលកន្លះហិកតាក្រៅតែពីការដាំដុះក្នុងផ្ទះសំណាញ់។ ក្នុងផ្ទះសំណាញ់ទំហំ១០ x ២៤ម គាត់ដាំ បន្លែស្ពៃក្តោប៤រងនិងស្ពៃបូកគោ៤រង។ ស្ពៃក្តោប៤រង គាត់ដាំ៣ជួរក្នុងរង ដែលមាន ៣៥គុម្ព ដូចនេះក្នុង៤រងគាត់ដាំបាន (៣៥ x ៣ x ៤ = ៤២០) គុម្ព។ ស្ពៃក្តោបរបស់គាត់មានទំងន់ជាមធ្យម ០.៨ គ.ក្រ។ ដូចនេះទិន្នផលស្ពៃក្តោបសរុបមានទំងន់ ៣៣៦ គ.ក្រ។ ស្ពៃក្តោមដែលក្រុមហ៊ុន Agro-Nature បានចុះកិច្ចសន្យាទិញមានតំលៃ ៣៥០០រៀល/គ.ក្រ។ ដូចនេះនៅចុងខែធ្នូនេះគាត់អាចប្រមូលផលបន្លែ ស្ពៃក្តោបរបស់គាត់បានលក់ប្រាក់សរុបប្រមាណ ១,១៧៦,០០០ រៀល ស្មើនិង ២៩៤ ដុល្លារ។ ចំណែកឯបន្លែស្ពៃបូកគោរបស់គាត់៤រងនោះគាត់ដាំ២ជួរក្នុងមួយរង ហើយក្នុងមួយរងរងមាន៣៥គុម្ព ដូចនេះសំរាប់ស្ពៃក្តោបក្នុង៤រងគាត់ដាំបាន ២៨០ គុម្ព ។ ក្នុងមួយគុម្ពមានទំងន់ ១-១.២ គ.ក្រ។ ដូចនេះនៅចុងខែធ្នូនេះគាត់អាចប្រមូលផលនិងលក់ស្ពៃបូកគោគាត់ទំងន់ ២៨០-៣៣៦ គ.ក្រ ដោយក្នុងមួយគីឡូក្រាមក្រុមហ៊ុនអោយតំលៃ ៤,០០០រៀល/គ.ក្រ។ ដូចនេះគាត់អាចលក់ស្ពៃបូកគោរបស់គាត់បានប្រាក់សរុប ១,១២០,០០០-១,៣៤៤,០០០រៀល ស្មើនិង ២៨០-៣៣៦ ដុល្លារ។ សរុបទិន្នផលបន្លែស្ពៃទាំងពីរមុខដាំក្នុងផ្ទះសំណាញ់របស់កសិកររូបនេះក្នុងរយះពេល៧០ថ្ងៃ កាត់អាចប្រមូលផលបាន ៦៧២ គ.ក្រ និងអាចលក់បានប្រាក់សរុបប្រមាណ៦៣០ដុល្លារ។ ក្រៅតែពីដាំបន្លែនៅក្នុងផ្ទះសំណាញ់តាមតំរូវការទីផ្សានិងតាមការណែនាំរបស់មន្រ្តីបច្ចេកទេសនៃមន្ទីរកសិកម្ម នៅលើផ្ទៃដីដាំបន្លែដែលមានទំហំ ១.៥ហិកតា កសិករ ហង់ សុវណ្ណក៍មានដាំបន្លែផ្សេងៗជាច្រើនមុខទៀតមានដូចជា ឆៃថាវ ស្ពៃតឿ ត្រកួន ត្រប់លាវឬត្រប់ចង្កោម (ត្រប់ពុតនីញង) និងឆៃថាវ ស្ពៃបូកគោ ស្ពៃក្តោប និងការ៉ុតផងដែរ។ ដំណាំការ៉ុតដាំចំនួនតិចក្នុងការសាកល្បងតែឃើញថាទទួលបានផលល្អ។ កសិកររូបនេះបានពង្រីការដាំបន្លែការ៉ុចបន្ថែមទៀតលើផ្ទៃដី មួយរ៉ៃ។ តាមការពិនិត្យសង្កេតដំណាំបន្លែទាំងអស់មានការលូតលាស់ល្អទាំងអស់។ កសិករពោះម៉ាយ ហង់ សុវណ្ណ វ័យ៣២ឆ្នាំ ដែលធ្លាប់ធ្វើការនៅប្រទេសថៃជាច្រើនឆ្នាំជាអ្នកបើកឡានដឹកឈើអោយក្រុមហ៊ុននៅក្នុងប្រទេសថៃ បានបង្ហាញពីទំនុកចិត្តនិងសេចក្តីស្រឡាញ់លើការងារដាំបន្លែរបស់គាត់ជាខ្លាំង ដោយគាត់បានប្រាប់ថាគាត់និងមិនត្រឡប់ទៅធ្វើការជាកម្មករនៅប្រទេសថៃទោតហើយ។ គាត់ថាការធ្វើកម្មករនៅប្រទេសថៃមិនមានអោយគាត់នៅសល់លុយកាក់អ្វីឡើយគឺគ្រាន់តែបានមួយគ្រប់ចាយនិងផ្ញើមកជូនក្រុកគ្រួសារនៅផ្ទះបន្តិចបន្តួចប៉ុណ្ណោះ។ គាត់សប្បាយចិត្តនិងបន្តពង្រីកការដាំដុះដំណាំបន្លែរបស់គាត់អោយមានវិសាលភាពធំធេងដើម្បីរួមចំណែកផ្គត់ផ្គង់តំរូវការទីផ្សារជាបណ្តើរៗចាប់ពីពេលនេះតទៅ។

ចំនួនអ្នកចូលទស្សនា
Flag Counter