ខេត្តប៉ៃលិន៖ ថ្ងៃអាទិត្យ១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ខែសីហា ឆ្នាំ២០២១ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម ខេត្តប៉ៃលិន និងប្រតិភូខេត្ត បានអមដំណើរ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ គណៈ អភិបាល ខេត្តប៉ៃលិន ចុះពិនិត្យវឌ្ឍនភាពការងារដាំដុះបន្លែ និងប្រមូលទិញកសិផលបន្លែបានកកស្ទះទីផ្សារ ក្នុងបរិបទកូវីដ ១៩ នៅ បណ្តុំបន្លែ ភូមិវាលវង់ សង្កាត់ទួលល្វា និងបណ្តុំបន្លែភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ មានកសិករ ចូលរួមប្រមាណជា២០នាក់។ លោក សាយ សុផាត បានជម្រាបជូនប្រតិភូខេត្ត អំពីការសម្របស្រួលនិងបង្កើតបណ្តុំអាជីវកម្មបន្លែ ក្រោមកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដើម្បីចូលរួមទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងធានាសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាព តាមរយ:ការបង្កើនផលិតភាពផលិតកម្មកសិកម្ម និងពង្រឹងសមត្ថភាពដាំដុះ និងចិញ្ចឹមចិញ្ចឹមសត្វ តាមគ្រប់រូបភាព បង្កើនប្រាក់ចំណូល។ លោកជំទាវ បាន ស្រីមុំ សំណេះសំណាលជាមួយកសិករបណ្តុំ អោយមានការខិតខំប្រកបមុខរបរកសិកម្ម ត្រូវមានផែនការដាំដុះ បានលើកឡើងនូវបញ្ហាប្រឈមនានារបស់កសិករនិងមានការណែនាំវិធានការសុខាភិបាលក្នុងបរិបទកូវីដ១៩។ នាឳកាសនេះ លោកជំទាវនិងប្រតិភូអមដំណើរ បានចុះប្រមូលផលបន្លែ នៅទីតាំងចំការ កសិករកំពុងជួបបញ្ហាទីផ្សារនៃការលក់ផលិតផល និងបានប្រមូលទិញភោគផលបន្លែ ដែលបានកកស្ទះនៅលើទីផ្សារ សរុបជាង៣តោន សម្រាប់យកទៅផ្គត់ផ្គង់មណ្ឌលចត្តាឡីស័កក្នុងខេត្តប៉ៃលិន សម្រាបធ្វើជាម្ហូបអាហារប្រចាំថ្ងៃ សម្រាប់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។ ជាការផ្តាំផ្ញើរនិងលើកទឹកចិត្ត សូមអោយកសិករមានទំនាក់ទំនងមកក្រុមការងារ ការិ.តំណាងរាស្ត្រ ដើម្បីជួយដោះស្រាយបញ្ហាកកស្ទះទីផ្សារបន្លែ និងស្ថាប័នមន្ទីរជំនាញនានាជួយសម្របសម្រួលដល់កសិករបានទាន់ពេលវេលា។ លោកជំទាវបានលើកទឹកចិត្តនិងឧបត្ថម្ភថវិកាបន្ថែមមួយចំនួនជូនកសិករក្នុងគ្រាលំបាកនេះ ពិសេសកសិករ ឈ្មោះ ហង់ សុវណ្ណ ទទួលបានឧបត្ថម្ភទុនបន្ថែមចំនួន១លានរៀល ដើម្បីពង្រីកការដាំដុះដំណាំការ៉ុត។