នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដឹកនាំដោយ កញ្ញា អ៊ុក លង្កា អនុប្រធានមន្ទីរកសិកម្ម និងលោកស្រី យឹម សុខគឹមលី ទីប្រឹក្សាកម្មវិធី ASPIRE បានទទួលស្វាគមន៍ដំណើរទស្សនៈកិច្ច ប្រតិភូអង្កការ KOICA កម្ពុជា ដើម្បីសិក្សាស្វែងយល់វិស័យកសិកម្មខេត្តប៉ៃលិន។ ក្នុងឧកាសនេះមានវត្តមានអញ្ជីញចូលរួមពី តំណាងក្រសួង-មន្ទីរ អភិវឌ្ឍន៍ជនបទ អជ្ញាធរឃុំ និងស្រុកសាលាក្រៅ លោកមេភូមិភ្នំកុយ តំណាងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងតំណាងសមាជិកបណ្តុំអាជីកម្មបន្លែ សរុបចំនួនប្រមាណ ៤០នាក់។ គោលបំណងរបស់ប្រតិភូ អង្កការ KOICA កម្ពុជា៖ ដើម្បីសិក្សាបន្ថែមអំពីលទ្ធភាពដែលអាចអនុវត្តគម្រោងរបស់ អង្កការ KOICA កម្ពុជា ក្នុងខេត្តប៉ៃលិន។ ក្នុងដំណើរការកម្មវិធីនេះបានរៀបចំជាពីរផ្នែក៖ ១.សកម្មភាពចុះទស្សនៈកិច្ចបណ្តុំអាជីវកម្មបន្លែ និងការពិគ្រោះយោបល់សមាជិកបណ្តុំនិងអ្នកពាក់ព័ន្ធ៖ -បានធ្វើបទបង្ហាញសង្ខេបកម្មវិធី ASPIRE ដែលអនុវត្តដោយមន្ទីរកសិកម្មខេត្តប៉ៃលិន អំពីដំណើការបង្កើត និងគាំទ្របណ្តុំអាជីវកម្មបន្លែ។ -បានឆ្លើយតបជាមួយប្រតិភូ អង្គការ KOICA កម្ពុជា នូវបញ្ហាប្រឈមនានា របស់បណ្តុំអាជីវកម្មបន្លែ និងខ្សែចង្វាក់ផលិតកម្ម មានជាអាទិ៍ បញ្ហាកិច្ចព្រមព្រាងទិញលក់កសិផល, បញ្ហាបំរែបំរួលទីផ្សារថ្លៃ, ការអនុវត្តកសិកម្មល្អនិងការទទួលវិញ្ញាបនបត្រកសិកម្មល្អ, ការដឹកជញ្ជូនកសិផល ការវិចខ្ចប់ និងការផ្គត់ផ្គង់, ការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី (ផ្ទះសំណាញ់, ការគ្រប់គ្រងទឹក, ប្រព័ន្ធស្រោចស្រព, ពូជដំណាំមានតំរូវការទីផ្សារ...), កង្វះខាតឧប្បករណ៍ និងសំភារៈបរិក្ខា របស់មណ្ឌលប្រមូលផ្តុំបន្លែទាំងបីទីតាំង...។ -បានចុះពិនិត្យផ្ទះសំណាញ់កសិករទទួលផលផ្ទាល់ (លោក ឃួន ប៊ុនធី ភូមិភ្នំកុយ) កំពុងដាំដុះដំណាំត្រសក់, ខាត់ណាផ្កា និងកំពុងប្រមូលផលខាត់ណាផ្កាខៀវ។ -បានចុះពិនិត្យផ្ទះសំណាញ់កសិករ សាយភាយ (លោក អ៊ុយ ម៉ាក់រិនឌី ភូមិភ្នំស្ពង់) បានវិនិយោគថវិកាផ្ទាល់ខ្លួន ចំនួន៧ផ្ទះសំណាញ់ កំពុងប្រមូលផលដំណាំស្ពៃក្តោប និងខាត់ណាផ្កា។ ២.សកម្មភាពប្រជុំពិគ្រោះយោបល់ជាមួយមន្ទីរកសិកម្ម បែងចែកជា៣ក្រុម៖ -ក្រុមទី១ ដឹកនាំដោយ កញ្ញា អ៊ុក លង្កា អនុប្រធានមន្ទីរកសិកម្ម និងលោកស្រី យឹម សុខគឹមលី ពិគ្រោះយោបល់អំពីកិច្ចសហប្រតិបត្តការណ៍គម្រោងនៅសាលប្រជុំតូចមន្ទីរកសិកម្ម ។ -ក្រុមទី២ ដឹកនាំដោយ លោក សុទ្ធ វិសាល មន្ត្រីកម្មវិធីASPIRE ពិគ្រោះយោបល់អំពី កិច្ចការបច្ចេកទេសផលិតកម្ម និងការផ្គត់ផ្គង់ នៅសាលប្រជុំធំមន្ទីរកសិកម្ម។ -ក្រុមទី៣ ដឹកនាំដោយ លោក ផៃ សុផល មន្ត្រីកម្មវិធីASPIRE ពិគ្រោះយោបល់អំពី ការគ្រប់គ្រងមន្ទីរពិសោធន៍កាកសំណល់គីមីក្នុងបន្លែផ្លែឈើ នៅបន្ទប់ពិសោធន៍មន្ទីរកសិកម្ម។ ប្រតិភូ អង្គការ KOICA កម្ពុជា បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចទទួលស្វាគមន៍របស់អជ្ញាធរខេត្តប៉ៃលិន មន្ទីរកសិកម្មខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងក្រុមកសិករទាំងអស់ បានចំណាយពេលវេលាដ៍មានតម្លៃចូលរួមប្រជុំពិគ្រោះយោបល់ ដើម្បីសិក្សាបន្ថែមពីលទ្ធភាពដែលអាចអនុវត្តគម្រោងបានរបស់អង្កការ KOICA កម្ពុជា ក្នុងខេត្តប៉ៃលិន។