នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម និងក្រុមការងារអនុកម្មវិធី ASPIRE ខេត្តប៉ៃលិន បានសម្របសម្រួលដំណើរទស្សនៈកិច្ចរបស់ក្រុមការងារនៃលេខាធិការដ្ឋានកម្មវិធី ASPIRE សហការក្រុមការងារមកពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) រួមមាន Mr. Emmanuel Jouve, Mr. Julian Abrabeth Ssendiwala, Mr. Chan Sophal, និងលោក ម៉េង សក្កិភូសិត អោយបានជួបសំណេះសំណាលជាមួយ សហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន ស្ថិតក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងគោលបំណងសិក្សាពីព័ត៌មានទីផ្សារ និងប្រមូលធាតុចូល ក្នុងការរៀបចំ Design កម្មវិធីកាលានុវត្តភាពយុទ្ធសាស្ត្រប្រចាំកម្ពុជាសម្រាប់ឆ្នាំ២០២២-២០២៧ នៃកម្មវិធី ASPIRE-AT។ ក្នុងនោះដែរ សហគមន៍កសិកម្មមៀនប៉ៃលិន បានបង្កើតឡើងនៅឆ្នាំ២០១១ ដែលមានសមាជិកសរុបចំនួន ២៣៧នាក់ ស្រី ៤៣នាក់ និងមានសមត្ថភាពផ្គត់ផ្គង់ មៀនស្រស់ ទៅកាន់ទីផ្សារ ប្រមាណ ២១០០តោនក្នុងមួយថ្ងៃ។ ជាលទ្ធផលដំណើរបេសកកម្មៈ សិក្សាអំពីលទ្ធភាព នៃការនាំផលិតផលមៀនប៉ៃលិន និងការស្វែងរកមធ្យោបាយរួមសម្រាប់នាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ទីផ្សារប្រទេសចិន និងពិភពលោក។។