ថ្ងៃចន្ទ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ខែមករា ឆ្នាំ ២០២៣លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានណែនាំឲ្យប្រជាពលរដ្ឋដែលមានចម្ការមៀន ត្រូវទាក់ទងទៅក្រុមការងាររដ្ឋបាលខេត្ត ដើម្បីបានលក់ចេញផ្ទាល់ជាក្រុមហ៊ុននាំចេញផ្លែមៀនប៉ៃលិនទៅប្រទេសចិន ចៀសវៀងការកេងចំណេញតម្លៃទីផ្សារពីឈ្មួញកណ្ដាល។ ក្នុងជំនួយបពិភាក្សាការងារជាមួយក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៉ីមផតអិចផត ខេមបូឌា ជាក្រុមហ៊ុននាំចេញផ្លែមៀនប៉ៃលិនទៅប្រទេសចិន កាលពីព្រឹកថ្ងៃទី១៦ ខែមករា នេះ លោកស្រីអភិបាលខេត្តបានលើកឡើងថា ក្នុងខែមករានេះ តម្លៃទីផ្សារផ្លែមៀនប៉ៃលិន មានតម្លៃចាប់ពី ៣៥០០រៀល ទៅ ៤៥០០រៀល នៅខ្វះតម្រូវការជាច្រើនទៀត បើប្រជាពលរដ្ឋមានចម្ការមៀន ហើយមិនដឹងទំនាក់ទំនងលក់បាន អាចទាក់ទងមកក្រុមការងាររដ្ឋបាលខេត្ត ក្រុមការងាររង់ចាំជួយដើម្បីទំនាក់ទំនងជាមួយក្រុមហ៊ុនផ្ទាល់លក់ចេញបាន។ ជាមួយគ្នានេះដែរ លោកជំទាវអភិបាលខេត្តក៏បានណែនាំឲ្យពលរដ្ឋមានការប្រុងប្រយ័ត្តចំពោះឈ្មួញកណ្តាល កេងចំណេញតម្លៃទីផ្សារមិនពិតប្រាកដ ដែលអាចឲ្យខាតបង់ទទួលបានតម្លៃខុសទីផ្សាររបស់ក្រុមហ៊ុន ។លោកជំទាវបានបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត និងសហការី នឹងខិតខំចូលរួមគាំទ្រសហការជាមួយក្រុមហ៊ុនដើម្បីថែរក្សាតម្លៃទីផ្សារជូនប្រជាពលរដ្ឋអោយបានយូរអង្វែង។ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទំនាក់ទំនងទៅក្រុមការងាររដ្ឋបាលខេត្ត លោកជំទាវបានប្រកាសលេខទូរស័ព្ទពីរប្រព័ន្ធគឺ 0316095000 / 070338337៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម