នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក ផាន សុផាណារ៉ា ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្ត្រី ការិយាល័យ បានចុះពិនិត្យដំណាំរបស់បងប្អូនប្រជាកសិករ និងស្រង់ទិន្នន័យផ្ទៃដីប៉ះពាល់ដោយគ្រោះរាំងស្ងួតនៅដើមឆ្នាំ២០២៤ ចំនួន ៩ភូមិ នៅឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រួមមានៈ - ដំណាំពោតក្រហមចំនួន ១២០ហិកតា ស្មើនឹង ៨៥គ្រួសារ - ដំណំដំឡូងមីចំនួន ១១៥ហិកតា ស្មើនឹង ៦៤គ្រួសារ - ដំណាំបន្លែចម្រុះចំនួន ៣.៥ហិកតា ស្មើនឹង ១៣គ្រួសារ។ ក្រុមការងារនឹងបន្តចុះតាមភូមិផ្សេងៗទៀត និងជូនភ្ជាប់តារាងលម្អិត។ វាយតម្លៃបឋមឃើញថា: ១. ពោតក្រហមចំនួន ១២០ហិកតា បានខូចខាតទាំងស្រុង ហើយបន្តខូចខាតទៀតប្រសិនគ្មានភ្លៀងធ្លាក់រយ:ពេល១០ ទៅ ១៥ថ្ងៃ។ ២. ដំឡូងមីចំនួន ១១៥ហិកតា ប៉ះពាល់ដោយរាំងស្ងួតខ្លាំង និងសត្វពីងពាងក្រហមស៊ីបំផ្លាញ ប៉ុន្តែអាចស្ដារឡើងវិញបានប្រសិនបើមានភ្លៀងធ្លាក់មក។ ៣. បន្លែចម្រុះ អាចសង្រ្គោះបានតាមរយៈការបូមទឹកតាមស្រះ ឬប្រឡាយណាដែលមានទឹកសម្រាប់ស្រោចស្រព។ សន្និដ្ឋាន: ផ្ទៃដីដាំដុះដំណាំពោតក្រហម និងដំឡូងមី អាចនឹងបន្តខូចខាតបន្ថែមទៀតប្រសិនបើគ្មានភ្លៀងធ្លាក់រយ:ពេល១០ ទៅ ១៥ថ្ងៃខាងមុខទៀត។ ផ្តល់យោបល់: - ត្រៀមពូជពោតក្រហមសម្រាប់ដាំស្តារឡើងវិញ - ត្រៀមថ្នាំសម្លាប់សត្វល្អិតពីងពាងក្រហម - ស្តុកទឹកតាមអូរ ឬស្រះ សម្រាប់ស្រោចស្រព - ណែនាំកសិករដាំដុះដំណាំប្រើប្រព័ន្ឌដំណក់ទឹក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម