នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ០៣រូប និងបានសហការជាមួយមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញចុះពិនិត្យស្រែដែលទទួលរងការបំផ្លាញពីមមាចត្នោតដោយផ្ទាល់ នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ មានដែលមានកសិករចូលរួមសរុបចំនួន ២២នាក់(ស្រី៥ នាក់)។ ឆ្លៀតក្នុងនេះលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានផ្តល់អនុសាសន៍ល្អៗដល់កសិករអោយយកចិត្តទុកដាក់ តាមដាន និងការបង្ការសត្វមមាចត្នោតបំផ្លាញលើដំណាំស្រូវនេះផងដែរ ៖ ១. ការគ្រប់គ្រងចំប៉ើង និងគល់ជញ្រ្ជាំងក្រោយប្រមូលផលរួច - កុំដុតចំប៉ើង និងគល់ជញ្រ្ជាំងក្រោយប្រមូលផលរួច ធ្វើអោយដីបាត់បង់ជីជាតិ និងមានផ្សែងប៉ះពាល់ដល់បរិស្ថាន - បើសិនពិបាកភ្ជួររាស់ ហើយស្រូវលូតលាស់មិនសូវល្អ (កើតក្រា) គួរតែវៃអង្គប់អោយជញ្រ្ជាំងរលួយចូលដីបានល្អ - បើអាចរមូយកទៅធ្វើចំបើងសំរាប់ចំណីសត្វ ២. ណែនាំវិធានការទប់ស្កាត់មមាចត្នោត - ប្រើប្រាស់ពូជធន់ទ្រាំ - គួរដាំដុះដំណាំស្រូវឲ្យស្របពេលគ្នា - ចៀសវាងធ្វើការដាំដុះចំពេលដែលមានការផ្ទុះឡើងនូវមមាចត្នោត - សម្អាតស្មៅ ទាំងនៅក្នុង និងតាមភ្លឺស្រែ - ប្រើប្រាស់ជីឲ្យបានសមស្រប និងមានតុល្យភាព - ក្នុងករណីមានវត្តមានមមាចត្នោតច្រើន ត្រូវពន្លិចទឹកសំណាបរួចយកស្បៃអូស ដើម្បីកម្ចាត់មមាចត្នោត - ប្រើអន្ទាក់ភ្លើងដើម្បីតាមដានប្រជាករមមាចត្នោត ដើម្បីកម្ចាត់ឲ្យបានទាន់ពេលវេលា - ថែរក្សាសត្វមានប្រយោជន៍ ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម - ក្នុងករណីមានការបំផ្លាញធ្ងន់ធ្ងរត្រូវប្រើថ្នាំកសិកម្មដូចជា: buprofezin, dinotefuran, etofenprox, fenobucarb, fipronil, imidacloprid។