នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ឹម សុភឿន អនុប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានអញ្ជើញចូលរួមបើកវគ្គបណ្តុះ បណ្តាល ស្តីពី ការគ្រប់គ្រងផ្ទាំងមុខចៀរ លើដំណាំកៅស៊ូ ជូនដល់កសិករដាំដុះកៅស៊ូ ស្ថិតនៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្មខេត្តប៉ៃលិន សហការជាមួយអគ្គនាយកដ្ឋានកៅស៊ូ ដោយមានការចូលរួមពីសហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្តប៉ៃលិន កសិករដាំដុះដំណាំកៅស៊ូក្នុងខេត្ត និងមន្ត្រីកសិកម្មឃុំ ដែលមានអ្នកចូលរួមសរុបចំនួន៣៥នាក់។
បើតាមឯកឧត្តមរដ្ឋលេខាធិការ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង គ្រប់គ្រងផ្ទាំងមុខចៀរឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលខ្ពស់ និងមានរយៈពេលប្រមូលផលវែង ការតាមដាន ការពារ និងព្យាបាលជម្ងឺលើដំណាំកៅស៊ូ ព្រមទាំងការចែករំលែកព័ត៌មាន ព័ត៌មានទាក់ទងនឹងដំណាំកៅស៊ូជាដើម។
ជាទីបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំឱ្យប្រជាកសិករដែលជាម្ចាស់ចំការកៅស៊ូគ្រួសារទាំងអស់ត្រូវចូលរួមជាមួយសហគមន៍កៅស៊ូគ្រួសារខេត្តប៉ៃលិន ដើម្បីប្រែក្លាយខ្លួនជាសហគមន៍កសិកម្មទំនើបថែមទៀតផង៕